នៅថ្ងៃពុធ និងព្រហស្បតិ៍ ១៤-១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ក្នុងបេសកកម្មនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យផ្ទាល់នេះមានគោលបំណងសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងវាយតម្លៃស្ថានភាពបច្ចេកទេសនៅតាមទីតាំងអនុគម្រោងនីមួយៗ ដើម្បីកំណត់អាទិភាពក្នុងការជ្រើសរើសទីតាំងសម្រាប់ចុះសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) និងរៀបចំប្លង់លម្អិត (Detailed Design)។ គម្រោងដ៏មានសារៈសំខាន់នេះ ទទួលបានហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលនឹងត្រូវចាប់ផ្តើមអនុវត្តជំហានទី១ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១ ក្រោយបញ្ចប់ដំណាក់កាលសិក្សាគ្រប់ជ្រុងជ្រោយ។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ ចុះពិនិត្យទីតាំងអនុគម្រោង រួមមាន៖ ទី១) អនុគម្រោងអាងទឹកម្កាក់ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទី២) អនុគម្រោងអាងទឹកសួង៧៨ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប, ទី៣) អនុគម្រោងអាងទឹកចុងកាល់ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, ទី៤) អនុគម្រោងប្រព័ន្ធធារាសាស្ត្របេង ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងទី៥) អនុគម្រោងប្រព័ន្ធធារាសាស្ត្រទឹកជុំ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ព្រមទាំងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ការតម្រង់ទិសផ្នែកបច្ចេកទេស និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ សំដៅធានាឱ្យការអនុវត្តគម្រោងនាពេលខាងមុខទទួលបានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករក្នុងតំបន់៕