នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៃសំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសចុះពិនិត្យការដ្ឋាននេះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តការងារបច្ចេកទេស ដែលកំពុងដំណើរការយ៉ាងសកម្ម។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា សំណង់ស្ទាក់ទឹកកំពង់គោ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការបញ្ជៀសទឹកជំនន់ចេញពីក្រុងកំពង់ធំ និងការស្ទាក់ចាប់ទឹកទុកដើម្បីធានាដល់ការប្រើប្រាស់ក្នុងរដូវប្រាំង។
ឯកឧត្តមបានគូសបញ្ជាក់ថា សំណង់ស្ទាក់ទឹកនេះមិនត្រឹមតែជាដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ និងការបម្រើឱ្យពហុវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងប្រែក្លាយតំបន់ដងស្ទឹងសែន ឱ្យទៅជាគោលដៅទេសចរណ៍។ សមិទ្ធផលនេះ នឹងជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕