នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលស្ថិតក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជាខ្សែផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រដ៏សំខាន់របស់កម្ពុជា។ ខ្សែផ្លូវទឹកនេះ ត្រូវបានសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណន ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែងសរុបជិត ១៨០គីឡូម៉ែត្រ។
តាមការគ្រោងទុក ពិធីបើកការដ្ឋានសាងសង់កំណាត់ទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រោយការសាងសង់រួចរាល់ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ រួមមាន៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការបង្កើតប្រព័ន្ធធារាសាស្ត្រ ការបង្កើនទិន្នផលកសិកម្ម និងវារីវប្បកម្ម ការជំរុញវិស័យទេសចរណ៍ និងអចលនទ្រព្យ។ លើសពីនេះ ព្រែកជីកនេះនឹងជួយសម្រួលដល់ការរំដោះទឹកជំនន់ក្នុងរដូវវស្សា ព្រមទាំងបង្កើនផលត្រីទឹកសាបនៅតាមបណ្តោយព្រែកផងដែរ៕