នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកបឹងទន្លេបាទី ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋានស្រុកបាទីផងដែរ។
បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានឱ្យដឹងថា ផែនការស្រូវប្រាំងក្នុងស្រុកបាទីមានចំនួន ៣៥០០ហិកតា តែជាក់ស្តែងបងប្អូនប្រជាកសិករធ្វើបានរហូតដល់ ៤០១៥ហិកតាដែលក្នុងនោះ បងប្អូនប្រជាកសិករបានច្រូតកាត់ប្រមូលផលប្រមាណ៥០% និង៥០% ទៀតអាចប្រមូលផលក្នុងដើមខែមីនា លើកលែងតែ បងប្អូនធ្វើស្រែប្រាំងលើកទី២នោះ អាចប្រមូលផលក្នុងខែមេសា។
លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានបញ្ជាក់ឱ្យដឹងថា អាងទឹកទន្លេបាទីនៅសល់ទឹកប្រហែល៥០% ក្រុមការងារបានបង្វែរទឹកពីទំនប់៧មករាកំពង់ទួលចូលក្នុងអាងទន្លេបាទីតាំងពីម្សិលមិញដើម្បីទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់រហូតដល់រដូវវស្សាចូលមកដល់។ លោកប្រធាននាយកដ្ឋាន ក៏បានពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ទៅដល់ក្រុមការងារ និង អាជ្ញាធរពាក់ព័ន្ធ សូមឱ្យបន្តយកចិត្តទុកដាក់ក្នុងការបិទបើកទ្វារទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជៀសវាងការធ្វេសប្រហែសបណ្តាលឱ្យទឹកហូរចូលបឹងចោលជាយថាហេតុ៕