នៅថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាព អមដំណើរដោយលោកអនុប្រធានយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដើម្បីចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព គម្រោងការងារថែទាំខួបប្រឡាយអូរជីម៉ាស់ និងប្រព័ន្ធធារាសាស្រ្តប្រឡាយមេទំពេជ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ការងារត្រូវអនុវត្តរួមមាន៖ ទី១)គម្រោងថែទាំខួបប្រឡាយអូរជីម៉ាស់៖ ជួសជុលថែទាំ និងស្តារប្រឡាយចំនួន១ខ្សែប្រវែង ៦៩២០ម៉ែត្រ ក្រាលដីក្រួសក្រហមលើភ្លឺខ្នងប្រឡាយ និងដាំស្មៅការពារការហូរច្រោះដីជើងទេរ និងជួសជុលថែទាំសំណង់សិល្បការ្យមានស្រាប់ចំនួន៥កន្លែង និងសាងសង់សំណង់សិល្បការ្យថ្មីបន្ថែមចំនួន៧កន្លែង ទី២)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយមេទំពេជ៖ ជួសជុលថែទាំ និងសា្តរប្រឡាយចំនួន១ខ្សែប្រវែង ៤៣០០ម៉ែត្រ ក្រាលដីក្រួសក្រហមលើភ្លឺខ្នងប្រឡាយ និងដំាស្មៅតាមជើងទេរ ប្រឡាយការពារការហូរច្រោះដី និងសាងសង់សំណង់សិល្បការ្យថ្មីចំនួន៣កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រឡាយ សំណង់សិល្បការ្យដែលមានស្រាប់ ក៏ដូចជាសំណង់សិល្បការ្យថ្មីឱ្យមានគុណភាព និងសោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសបន្តជំរុញការផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕