នាថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាក្រសួង និងមន្ត្រីជំនាញនៃមន្ទីរ ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់សំណង់ទំនប់លេខ២ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកនេះ គឺជាសមិទ្ធផលយុទ្ធសាស្ត្រដ៏ធំធេង និងទំនើបមួយក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងក្រោមការគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាល ដើម្បីបម្រើជាឧត្តមប្រយោជន៍ពហុបំណង រួមមាន៖ ការស្ទាក់ និងស្តុកទឹកសម្រាប់ធានាសន្តិសុខទឹកក្នុងតំបន់ បម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកជុំវិញឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារដោយគោរពតាមបទដ្ឋានបច្ចេកទេស និងស្តង់ដាវិស្វកម្មឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានាបាននូវគុណភាពសំណង់ និងភាពរឹងមាំយូរអង្វែង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការគិតគូរជាចម្បងដល់សុវត្ថិភាពការងារនៅក្នុងការដ្ឋាន និងត្រូវខិតខំកាត់បន្ថយរាល់ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញឱ្យបានជាអតិបរមា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕