នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តគម្រោងជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ សម្រាប់ផែនការឆ្នាំ២០២៦ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម។
សូមជម្រាបថា កិច្ចប្រជុំបានផ្ដោតលើកិច្ចពិភាក្សាសំខាន់ៗចំនួន ៣ ចំណុច រួមមាន៖ ១) ការពង្រឹងការអនុវត្តការងារបច្ចេកទេសសាងសង់ ឱ្យស្របតាមលក្ខខណ្ឌការងារ (TOR) ដែលបានកំណត់ ២) ការធានាឱ្យបាននូវគុណភាព បរិមាណ និងសោភ័ណភាពសំណង់ជាចម្បង និង៣) ការជំរុញឱ្យអង្គភាពអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យបច្ចេកទេស ការរៀបចំសៀវភៅការងារ និងការកត់ត្រារបាយការណ៍ឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលអនុវត្តគម្រោង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានវិស្វកម្ម និងក្រុមការងារអនុវត្តគម្រោងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក ស្របតាមបទដ្ឋានបច្ចេកទេស គុណភាព និងសោភ័ណភាព ដើម្បីឱ្យសំណង់ប្រព័ន្ធធារាសាស្ត្រទាំងនោះអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការងារស្រោចស្រព និងការប្រើប្រាស់ទឹកក្នុងពហុវិស័យជូនប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព៕