នារសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងសាងសង់ច្រាំងការពារទន្លេសាប ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេសកកម្មនេះ មានការចូលរួមសហការពីសំណាក់រដ្ឋបាលខណ្ឌជ្រោយចង្វារ មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីម្ចាស់សំណង់ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ អំពីទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងការគ្រប់គ្រងអាងទន្លេឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា សំណង់ការពារច្រាំងទន្លេនេះ ជាការវិនិយោគដោយវិស័យឯកជនក្នុងគោលបំណងការពារការបាក់ច្រាំង ដែលមានប្រវែងសរុប ២២០ម៉ែត្រ។ បច្ចុប្បន្ន សំណង់សម្រេចបានលទ្ធផលប្រមាណ ៨ភាគរយ ដោយទទួលបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែពុំទាន់មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយមនៅឡើយទេ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់លើមូលដ្ឋានច្បាប់សំខាន់ៗ រួមមានមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា៖ «រាល់ការសាងសង់ស្ពានតូច-ធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ តម្រូវឱ្យមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម»។ ទន្ទឹមនឹងនេះ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ក៏បានកំណត់អំពីនិយាមដីចំណីទន្លេ ដែលដោយឡែកសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ការកំណត់ដីចំណីនេះត្រូវអនុវត្តតាមបទដ្ឋានដោយឡែក។
បន្ថែមលើនេះ ក្រុមការងារក្រសួងបានស្នើឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ ផ្តល់នូវផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតំបន់នោះ ដើម្បីផ្ទៀងផ្ទាត់ការសាងសង់ឱ្យស្របតាមប្លង់កំណត់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់ម្ចាស់សំណង់ ត្រូវរួសរាន់រៀបចំបែបបទស្នើសុំការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រពីក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន មុននឹងបន្តសកម្មភាពសាងសង់ជាបន្តទៀត៕