នាព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ខួបលើកទី១៤០ ប្រព្រឹត្តទៅ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក និងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល មានមហិច្ឆតាខ្ពស់ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃសន្តិភាព។
សូមបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ក្នុងន័យនេះរាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀតសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ៕