នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្ដីពី ការពង្រឹងសមត្ថភាពមន្រ្តីលើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង ទន្លេ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីក្រសួង ជាពិសេសសមាជិកនៃលេខាធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ ឱ្យកាន់តែមានភាពប្រាកដប្រជាលើបច្ចេកទេសរៀបចំផែនការគ្រប់គ្រងអាងស្ទឹង ទន្លេ។ ការកសាងសមត្ថភាពនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងអាងស្ទឹង និងទន្លេនៅទូទាំងប្រទេស។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ដ៏មានសារៈសំខាន់ចំនួន ៦ ចំណុច រួមមាន៖ ទី១) ការធ្វើឱ្យប្រសើរឡើងនូវបរិមាណ និងគុណភាពទឹក ទី២) ការកាត់បន្ថយហានិភ័យពីទឹកជំនន់ គ្រោះរាំងស្ងួត និងការហូរច្រោះដី ទី៣) ការពង្រឹងកិច្ចការពារ និងអភិរក្សជីវចម្រុះ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី ទី៤) ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ទី៥) ការបង្កើតកាលានុវត្តភាពសម្រាប់វិស័យទេសចរណ៍ និងទី៦) ការផ្តល់ផលចំណេញដល់សង្គម និងសេដ្ឋកិច្ចជាតិ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីសិក្ខាកាមទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតជាប្រចាំលើការងារបច្ចេកទេសរៀបចំផែនការនេះ ដើម្បីជាទុនដ៏មានតម្លៃក្នុងការចូលរួមចំណែកពង្រឹងដល់ការគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានចីរភាព និងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕