នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះបំពេញបេសកកម្មការងារ ដើម្បីពិភាក្សាពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដែលកំពុងអនុវត្តក្រោមហិរញ្ញប្បទានគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងបេសកកម្មការងារនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការចុះពិនិត្យអនុគម្រោងយុទ្ធសាស្ត្រចំនួនពីរ រួមមាន៖ ទី១) អនុគម្រោងប្រព័ន្ធធារាសាស្ត្រកង្ហត និងទី២) អនុគម្រោងគ្រប់គ្រងទឹកស្ទឹងសង្កែ និងការស្ដារអូស្រឡៅ។ ការចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់នេះ មានគោលបំណងជំរុញ និងពន្លឿនការសិក្សាលម្អិតឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាឱ្យការអនុវត្តគម្រោងនាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាកសិករក្នុងតំបន់។
នាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់បញ្ចប់ជាស្ថាពរ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខទឹកសម្រាប់កសិកម្មគ្រប់រដូវកាល និងជួយកាត់បន្ថយហានិភ័យទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យបន្តខិតខំពន្លឿនការសិក្សា និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យស្របតាមគោលដៅ និងផែនការមេរបស់ក្រសួង៕