នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាប្រមាណជាង៥ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៦ នេះ កម្ពុជាបានជ្រើសរើសប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារនិងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ៕