នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទិន្នន័យសម្រាប់គម្រោងវាយតម្លៃការវិនិយោគប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដោយមានការចូលរួមពីតំណាងនាយកដ្ឋានពាក់ព័ន្ធ និងក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង សរុបប្រមាណ ៣៥ រូប។
សូមជម្រាបថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាជាមួយបណ្តានាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ លើការផ្តល់ទិន្នន័យដែលគម្រោងបានស្នើសុំពីក្រសួង។ ការប្រមូលទិន្នន័យនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគាំទ្រដល់ការវាយតម្លៃការវិនិយោគប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា សំដៅបង្កើនគុណភាពនៃការសម្រេចចិត្តឱ្យកាន់តែមានភាពច្បាស់លាស់ ដោយផ្អែកលើភស្តុតាង និងការកំណត់អាទិភាពនៃការវិនិយោគលើវិស័យធារាសាស្ត្រឱ្យចំគោលដៅ។
ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើប្រភេទទិន្នន័យចាំបាច់ដែលត្រូវផ្តល់ និងរបៀបប្រើប្រាស់ទិន្នន័យទាំងនោះសម្រាប់ការធ្វើ Benchmarking ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក្រុមការងារបានពិនិត្យលើការប្រើប្រាស់វិធីសាស្ត្រវិភាគពហុជម្រើស (Multi-Criteria Analysis - MCA) សម្រាប់កំណត់អាទិភាពវិនិយោគ ព្រមទាំងការរៀបចំជាករណីសិក្សា (Case Studies) ដើម្បីបង្ហាញពីលទ្ធផលជោគជ័យ និងបញ្ហាប្រឈម។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការកំណត់វិធីសាស្ត្រជ្រើសរើសប្រព័ន្ធធារាសាស្ត្រសម្រាប់ធ្វើជាករណីសិក្សា ដោយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទាំងលើប្រភេទ និងទំហំនៃប្រព័ន្ធ។ ជាមួយគ្នានោះ ឯកឧត្តមបានជំរុញឱ្យមានការកំណត់មន្ត្រីបង្គោលច្បាស់លាស់ពីអង្គភាពពាក់ព័ន្ធនីមួយៗ ដើម្បីសម្របសម្រួលការផ្តល់ទិន្នន័យ និងធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាតាមផែនការដែលបានកំណត់ទុក៕