នាថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នៅស្ថានីយបូមទឹកទី១ និងទី៣ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រពផ្ទៃដីកសិកម្មក្នុងស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមដើមខែឧសភានេះ ការងារបង្កបង្កើនផលស្រូវប្រាំងសម្រេចបានប្រមាណ ៧៧,៦៣% ស្មើនឹង ១១៦ ៤៣៩ ហិកតា នៃផែនការសរុប ១៥០ ០០០ ហិកតា សម្រាប់ឆ្នាំ២០២៦។ ដោយឡែក បច្ចុប្បន្នបងប្អូនប្រជាកសិករកំពុងមមាញឹកក្នុងការត្រៀមលក្ខណៈភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវរដូវវស្សាបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងណែនាំដល់ប្រជាកសិករឱ្យបង្កបង្កើនផលទៅតាមផែនការដែលបានកំណត់ ដើម្បីចៀសវាងការខាតបង់ ឬខ្វះខាតទឹកជាយថាហេតុ ព្រមទាំងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានស្រេចបាច់ ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានបញ្ហាខ្វះខាតទឹកកើតឡើងក្នុងការងារបង្កបង្កើនផលស្រូវដើមរដូវវស្សានេះ៕