នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារនៃអង្គភាព អមដំណើរដោយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយចំនួន ៣ កន្លែង ដែលស្ថិតក្នុងស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ។
លោកអគ្គនាយករងបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានគោលបំណងវាយតម្លៃលើគុណភាពនៃការសាងសង់ និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។ គម្រោងសំខាន់ៗដែលទទួលបានការត្រួតពិនិត្យរួមមាន៖
ទី១. គម្រោងស្តារប្រឡាយមេបន្ទាយស្ទោង៖ មានទំហំការងារស្តារប្រឡាយប្រវែង ៦,០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២៣កន្លែង។ បច្ចុប្បន្នលទ្ធផលការងារសម្រេចបានប្រមាណ ៩៥%។ ក្រោយបញ្ចប់គម្រោង នឹងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ផ្ទៃដីស្រូវវស្សា ១,៥៦០ហិកតា, ស្រូវប្រាំង ៧៧៥ហិកតា, ដំណាំរួមផ្សំ ៣០ហិកតា និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករចំនួន ១,១៧០គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំបន្ទាយស្ទោង។
ទី២. គម្រោងស្តារប្រឡាយរងបន្ទាយស្ទោង (ជំហាន២)៖ មានទំហំការងារស្តារប្រឡាយប្រវែង ៤,២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ៨កន្លែង។ គិតមកទល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៧៥%។ គម្រោងនេះនឹងបម្រើដល់ការស្រោចស្រពផ្ទៃដីស្រូវវស្សា ១,១៥០ហិកតា, ស្រូវប្រាំង ៦៥ហិកតា, ដំណាំរួមផ្សំ ២០ហិកតា និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករចំនួន ៦៤៧គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំបន្ទាយស្ទោង។
ទី៣. គម្រោងស្តារប្រឡាយតាហោ (ជំហាន២)៖ មានទំហំការងារស្តារប្រឡាយប្រវែង ៣,០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ៣កន្លែង។ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ ៨០%។ គម្រោងនេះនឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏សំខាន់សម្រាប់ផ្ទៃដីស្រូវវស្សា ៨៧៩ហិកតា, ស្រូវប្រាំង ២,២៤២ហិកតា និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករចំនួន ៦៤៧គ្រួសារ ក្នុងភូមិចំនួន៨ នៃឃុំបឹង និងឃុំចុងដូង។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រុមការងារសម្រេចបាន។ ទន្ទឹមនឹងនេះ លោកបានណែនាំដល់មន្ត្រីជំនាញ និងក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវគុណភាព សោភ័ណភាព និងសុវត្ថិភាពសំណង់ ព្រមទាំងជំរុញឱ្យពន្លឿនការងារឱ្យសម្រេចតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕