នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តរតនគិរី ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមកពី ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីថ្នាក់ដឹកនាំស្រុក-ឃុំ មន្ទីរជំនាញចំណុះខេត្តរតនគិរី និងតំណាងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ដោយសង្កត់ធ្ងន់លើការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវការធ្វើអាជីវកម្មខ្សាច់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និរន្តរភាពធនធានធម្មជាតិ និងកាត់បន្ថយភាពអនាធិបតេយ្យឱ្យនៅកម្រិតអប្បបរមា។
កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងផុសផុលតាមរយៈការពិភាក្សា និងការបកស្រាយបំភ្លឺលើចំណុចនានា ដែលជាលទ្ធផល រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីបានប្តេជ្ញាចិត្តចូលរួមសហការជាមួយលេខាធិការដ្ឋាន ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិ និងចុះពិនិត្យជាក់ស្តែងដល់ទីតាំងអាជីវកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់កែលម្អលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការគ្រប់គ្រងធនធានខ្សាច់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕