នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាទីតាំងអនុគម្រោងលំហាច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងអនុគម្រោងអូរតាប៉ោង ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា អនុគម្រោងទាំងពីរនេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង (GCF) នៃគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR)។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររបស់អនុគម្រោងទាំងពីរ ព្រមទាំងពិនិត្យ និងកំណត់ទីតាំងគំរូ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅជំរុញការងារសិក្សាលម្អិតឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមបទដ្ឋានបច្ចេកទេសឱ្យបានច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសគម្រោង ត្រូវបន្តពន្លឿនការងារសិក្សា និងត្រៀមលក្ខណៈដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យការអនុវត្តគម្រោងទាំងមូលសម្រេចបានជោគជ័យ ស្របតាមគោលដៅ និងផែនការដែលបានកំណត់ទុក៕