នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, តំណាងក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក លោកស្រី ជាតំណាងមកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីររ៉ែ និងថាមពលខេត្ត, រដ្ឋបាលក្រុង-ស្រុក-ឃុំ ចំណុះឱ្យខេត្តកំពង់ចាម និងតំណាងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយពីទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនអាជីវកម្មខ្សាច់ទាំងអស់ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវរួមគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យន្តការនេះនឹងធានាឱ្យការធ្វើអាជីវកម្មខ្សាច់អនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅកាត់បន្ថយភាពអនាធិបតេយ្យឱ្យបានជាអតិបរមា។
ក្រោយការផ្លាស់ប្តូរមតិ និងពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមនានា អាជ្ញាធរខេត្តកំពង់ចាម និងភាគីពាក់ព័ន្ធ បានប្តេជ្ញាចិត្តថានឹងបន្តសហការជាមួយលេខាធិការដ្ឋាន ក្នុងការចុះពិនិត្យទីតាំងផ្ទាល់ និងពង្រឹងការផ្សព្វផ្សាយជាប្រចាំ។ មុននឹងបញ្ចប់អង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់គ្រប់អង្គភាពថ្នាក់ក្រោមជាតិ និងក្រុមហ៊ុនអាជីវកម្មទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់កែលម្អការអនុវត្តបច្ចេកទេសដែលនៅខ្វះចន្លោះ ដើម្បីជំរុញឱ្យការធ្វើអាជីវកម្មខ្សាច់មានចីរភាព និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ជាតិ និងសង្គម៕