នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ រួមមានវិស័យធនធានទឹក រ៉ែនិងថាមពល សេដ្ឋកិច្ច បរិស្ថាន និងសាធារណការ ដែលជាសមាជិកលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងតំណាងក្រុមហ៊ុនទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីទទួលខុសត្រូវរួមគ្នា ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជំរុញឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងបណ្តាក្រុមហ៊ុន-សហគ្រាសទាំងអស់ បង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងធនធានខ្សាច់ ធានាឱ្យបាននូវការធ្វើអាជីវកម្មស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរួមគ្នាកាត់បន្ថយ និងលុបបំបាត់ភាពអនាធិបតេយ្យក្នុងអាជីវកម្មខ្សាច់ឱ្យមកនៅកម្រិតអប្បបរមា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងគ្រប់ក្រុមហ៊ុន-សហគ្រាសទាំងអស់ ត្រូវសហការគ្នាអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវការធ្វើអាជីវកម្មខ្សាច់ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផលយូរអង្វែងសម្រាប់ជាតិ៕