នាថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) និងពិធីប្រគល់-ទទួលការថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងបេសកកម្មចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យដោយផ្ទាល់នូវលទ្ធផលការងារថែទាំចំនួន ៣ ទីតាំងសំខាន់ៗ រួមមាន៖ ទី១. ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ
ទី២. ប្រព័ន្ធធារាសាស្ត្រ៣០កញ្ញា ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងទី៣. ការថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរជីមាឃ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរចំពោះនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារថែទាំ (O&M) ដំណាក់កាលទី១ នេះ ប្រកបដោយប្រសិទ្ធភាព និងតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាប្រចាំ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ ដើម្បីធានាបាននូវនិរន្តរភាពគុណប្រយោជន៍សម្រាប់អន្តរវិស័យ រួមមាន៖ ការស្រោចស្រពដំណាំកសិកម្ម ការរំដោះទឹកជំនន់ ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ទន្ទឹមនឹងការវាយតម្លៃលទ្ធផលការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ សូមបន្តចូលរួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ដើម្បីជួយថែរក្សាការពារសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួម៕