នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងធនាគារពិភពលោក(WB) ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប នៅតំបន់ផ្ទះឈើខ្ពស់ផុតពីដីនៃសហគមន៍កំពង់ភ្លុក ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣១គីឡូម៉ែត្រ ពីក្រុងសៀមរាប។
ឃុំកំពង់ភ្លុកមានផ្ទៃដីសរុប ៦ ០៣០ ហិកតា គ្របដណ្ដប់ភូមិចំនួនបីគឺ ភូមិគោកក្ដុល ភូមិត្នោតកំបុត និងភូមិដីក្រហម និងមានប្រជាជនរស់នៅសរុបចំនួន ១ ១០៦ គ្រួសារ ស្មើនឹង ៣ ៨២០ នាក់។ តំបន់កំពង់ភ្លុកជាតំបន់ ៦ខែគោក ៦ខែទឹក ប្រជាពលរដ្ឋត្រូវរស់នៅលើផ្ទះឈើកម្ពស់ ៦ ទៅ ១០ ម៉ែត្រផុតពីដី។ នៅទីនេះមានសហគមន៍ចំនួនពីរគឺ សហគមន៍ទេសចរណ៍ និងសហគមន៍នេសាទ ដែលមានប្រជាពលរដ្ឋប្រមាណ ៦៥% ប្រកបរបរនេសាទ និង ៣៥% ប្រកបរបរបម្រើសេវាក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីទៅទស្សនាទិដ្ឋភាពបឹងទន្លេសាប និងតំបន់ព្រៃលិចទឹក ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍នេសាទកំពង់ភ្លុក ដើម្បីស្វែងយល់ពីជីវភាពរស់នៅ បញ្ហាប្រឈម សន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការ និងការគាំទ្រពីធនាគារពិភពលោក អាជ្ញាធរទន្លេសាប បានធ្វើការសិក្សាវាយតម្លៃស្ថានភាពអាងទន្លេសាប និងសន្ដិសុខទឹក ដើម្បីផ្ដល់ជាយុទ្ធសាស្ត្រផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងអាងបឹងទន្លេសាប។ របាយការណ៍វាយតម្លៃនេះមានសារៈសំខាន់ទាំងផ្នែកបច្ចេកទេស និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ក្រោមក្របខណ្ឌទឹកសម្រាប់ប្រជាជន ទឹកសម្រាប់អាហារ ទឹកសម្រាប់ភពផែនដី ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលលក្ខណៈនៃសន្ដិសុខទឹក និងតម្រូវការសម្រាប់កម្មវិធីវិនិយោគរយៈពេលវែង។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់នានា សូមបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សា និងការពារបឹងទន្លេសាប ដែលជាបឹងទឹកសាបធម្មជាតិធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងជាដង្ហើមសេដ្ឋកិច្ច-បរិស្ថានជាតិ។ ដោយឡែក សហគមន៍កំពង់ភ្លុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមការពារធនធានធម្មជាតិ បញ្ឈប់ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ និងរួមគ្នាលុបបំបាត់ការនេសាទខុសច្បាប់។
សូមជម្រាបថា ស្ថានភាពទឹកបឹងទន្លេសាបនៅក្នុងឆ្នាំនេះ មានកម្រិតកម្ពស់ទឹកហូរចូលទាបជាងឆ្នាំកន្លងទៅប្រមាណ ១,៦០ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថានភាពថយចុះនៃរបបទឹកនេះ គឺបណ្តាលមកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាពិសេសគឺបាតុភូតអាកាសធាតុ អែលនីញ៉ូ (El Niño)៕