នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះបេសកកម្មពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ សំដៅធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការតាមដាន ព្រមទាំងការគណនាព្យាករណ៍ស្ថានភាពអាកាសធាតុទាន់ពេលវេលា។
ក្នុងសកម្មភាពចុះបំពេញបេសកកម្មបច្ចេកទេសនេះ ក្រុមការងារជំនាញបច្ចេកទេសក្រសួង បានចុះអនុវត្តការងារផ្ទាល់នៅស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៣ទីតាំងសំខាន់ៗ រួមមាន៖ ១. ស្ថានីយកំពង់ស្ពឺ ស្ថិតក្នុងភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២. ស្ថានីយត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣. ស្ថានីយក្រចេះ ស្ថិតក្នុងភូមិវត្ត ឃុំក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងអំឡុងពេលចុះពិនិត្យនោះ ក្រុមការងារបច្ចេកទេសបានពិនិត្យយ៉ាងហ្មត់ចត់លើរាល់ឧបករណ៍វាស់ស្ទង់ និងប្រព័ន្ធ Data Logger ដើម្បីធានាថាការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Server) ប្រព្រឹត្តទៅបានល្អ ព្រមទាំងបានធ្វើការទាញយកទិន្នន័យ (Download Data) រក្សាទុកផងដែរ។
ជាកិច្ចការបន្ថែម ក្រុមការងារក៏បានអនុវត្តនូវសកម្មភាពបច្ចេកទេសសំខាន់ៗជាច្រើនដូចជា៖ ការដំឡើងប្រព័ន្ធសូឡា (Solar Panel) ការផ្លាស់ប្តូរស៊ីមកាត (SIM Card) អាគុយ (Battery) ម៉ូដឹម (Modem) ការជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ ព្រមទាំងការផ្លាស់ប្តូរថ្ម (CMOS Battery) ក្នុងឧបករណ៍ Data Logger។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើឧបករណ៍វាស់សីតុណ្ហភាព សំណើម ទិសដៅនិងល្បឿនខ្យល់ និងសម្ពាធបរិយាកាស ព្រមទាំងបានចុះកាប់ឆ្ការព្រៃ និងសម្អាតបរិវេណស្ថានីយទាំងមូល ដើម្បីជៀសវាងរាល់ការរំខានផ្សេងៗដែលប៉ះពាល់ដល់ដំណើរការចាប់សញ្ញារបស់ឧបករណ៍វាស់ស្ទង់៕