លោក ថាច់ សុវណ្ណា ចូលរួមជាវាគ្មិនក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
រាជធានីភ្នំពេញ, នាថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា អង្គសន្និបាតបានពិភាក្សាលើប្រធានបទធំៗ ចំនួនបួន ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជាគឺ៖ ទី១)ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ទី២)របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត ទី៣)កំណែទម្រង់សេវាសាធារណៈ និងទី៤)ការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះ លោក ថាច់ សុវណ្ណា ក៏បានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទទី២) របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត រួមជាមួយវាគ្មិនដែលអញ្ជើញមកពីបណ្តាក្រសួងមួយចំនួនទៀតដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ផងដែរ៕