នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ប្រមុខដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ ទី១)នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ ទី២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និង ទី៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំងបានឯកភាព និងលើកទឹកចិត្តក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ៕