នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីបូកសរុបនៃបេសកកម្មពិនិត្យវឌ្ឍនភាពអនុវត្តន៍គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ (SIWRM) ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាបថា កិច្ចប្រជុំមានវត្ដមានចូលរួមដោយលោក James Restock តំណាងប្រធានក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី បណ្ដាខេត្តគោលដៅ អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធាននាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួង ព្រមទាំងអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា លទ្ធផលនៃបេសកកម្មនេះគឺទទួលបាននូវភាពជោគជ័យ និងដំណើរការដោយរលូនលើគ្រប់វិស័យទៅតាមផែនការ ស្របតាមលក្ខខណ្ឌរបស់ធនាគារ ADB។ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា តំណាងធនាគារ ADB ក៏បានធ្វើការកោតសសើរ និងថ្លែងអំណរគុណចំពោះអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង PMU-MoWRAM ទីប្រឹក្សាជាតិ និងអន្តរជាតិ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយមដែលបានខិតខំប្រឹងប្រែងអនុវត្តលើកិច្ចការទាំងអស់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ នូវប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈទំនើបកម្ម និងគ្រប់ជ្រុងជ្រោយ ដែលបម្រើប្រយោជន៍ដល់ប្រជាជនដើម្បីបញ្ចៀសនូវទឹកជំនន់ កាត់បន្ថយហានិភ័យគ្រោះរាំងស្ងួត និងបង្កើនសមត្ថភាពស្ដុកទឹកសម្រាប់រដូវប្រាំង និងជួយបង្កើនរដូវកាលដាំដុះ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕