នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលសន្និបាត២០២១ នៃទីស្តីការក្រសួង។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តដាក់ចេញ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិការងារសំខាន់ៗចំនួន៨ ដោយផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដើម្បីរក្សាសន្តិសុខនយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ច ខឿនការពារជាតិ និងការផ្ដល់ទំនុកចិត្តនិងការជឿជាក់លើកម្ពុជា។ ក្រសួង បាននិងកំពុងចូលរួមចំណែកយ៉ាងស្វាហាប់ក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕