នៅសណ្ឋាគារសាន់អែនម៉ូន នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
សូមជម្រាបជូនថា កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមនាយកគម្រោង និង ក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារជំនាញការរបស់ធនាគារពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តព្រះវិហារ សរុបចំនួន ៨០នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តគម្រោង ក្នុងរយៈពេល ៦ខែ បន្ទាប់ពីបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី១ កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនបន្ថែមទៀតថា បេសកកម្មរបស់ក្រុមការងារធនាគារពិភពលោកមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៥។ ក្នុងនោះដែរ ក្រុមការងារក៏នឹងអញ្ជើញចុះពិនិត្យទីតាំងអនុគម្រោងស្វាយជ្រុំ ស្ថិតក្នុងខេត្តក្រចេះ និងអនុគម្រោងស្រែហ៊ុយ ស្ថិតក្នុងខេត្តមណ្ឌលគិរី ព្រមទាំងជួបជាមួយសហគមន៍ទទួលផលពីគម្រោងផផងដែរ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃអនុគម្រោងទាំងពីរ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនាពេលនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា សំដៅឆ្ពោះទៅរកការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន ហើយគម្រោងនេះ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹក ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធ្វើយ៉ាងណាធានាប្រែក្លាយកម្ពុជា ជាប្រទេសដែលមានសន្តិសុខទឹកនាពេលអនាគត ក្នុងបរិបទនៃការអភិវឌ្ឍ កំណើនសម្ពាធនានាពីសកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ។
សូមជម្រាបជូនថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាគម្រោងថ្មីមួយស្របតាមចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ចេញសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍លើវិស័យធនធានទឹកនិងឧតុនិយមរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) សម្រាប់បម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេលអនុវត្ត ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០៣០ ក្នុងខេត្តចំនួន៤ រួមមានខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕