នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១ (WAT4CAM Phase 1) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E នៃកម្មវិធី WAT4CAM ជំហានទី១ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះ មានការចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង WAT4CAM ជំហានទី១ នៃក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្តសហការជាមួយក្រុមការងារសាងសង់ និងទីប្រឹក្សាបច្ចេកទេស និងចូលរួមសហការគ្នាក្នុងការគ្នាថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានគង់វង្សធានាបាននិរន្តរភាពយូរអង្វែង ព្រមទាំងបន្តយកចិត្តទុកដាក់សន្សំសំចៃទឹកសម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំង៕