នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារឧតុនិយម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្តខេត្តកែប ដោយមានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ មន្ត្រីជំនាញបច្ចេកទេសក្រសួង សហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរ ។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិទទួលទិន្នន័យធាតុអាកាសសម្រាប់ធ្វើការព្យាករប្រចាំថ្ងៃកាន់តែលម្អិត ច្បាស់លាស់ និងទាន់ពេលវេលា។ ទិន្នន័យឧតុនិយមមានសារសំខាន់សម្រាប់អន្ដរវិស័យដូចជា វិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម ជាដើម និងសម្រាប់ផ្តល់ការប្រកាសអាសន្នឱ្យដឹងមុនពីខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ ព្រមទាំងសម្រាប់ការសិក្សាស្រាវជ្រាវអាកាសធាតុផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ បន្តពង្រឹងសមត្ថភាព និងបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារថែទាំឧបករណ៍ និងសម្អាតទីធ្លាស្ថានីយឱ្យបានស្អាត ដើម្បីឱ្យស្ថានីយផ្ដល់ទិន្នន័យបានច្បាស់លាស់ និងមានប្រសិទ្ធភាពឱ្យកាន់តែមានភាពប្រសើរឡើង៕