នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោង(PMU)ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការរៀបចំអង្គភាពគ្រប់គ្រងគម្រោង(PMU) ថ្មីចំនួនបី និងមានការផ្ទេរនិងតែងតាំងនាយកគម្រោងថ្មី។
សូមជម្រាបថា អង្គភាពគ្រប់គ្រងគម្រោង(PMU)ដែលបង្កើតថ្មីនាពេលនេះពាក់ព័ន្ធនឹងគម្រោងចំនួនបីគឺ៖ ទី១)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ដែលមានរយៈពេលអនុវត្តពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣១ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ទី២)គម្រោងកែលម្អប្រព័ន្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ភាពធន់(CAISAR) ដែលមានរយៈពេលអនុវត្តពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣២ ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអាកាសធាតុបៃតង(GCF) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) និង ទី៣)គម្រោងកែលម្អប្រព័ន្ធស្រោចស្រពប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ថ្នាក់ជាតិ ដំណាក់កាលទី១(CCRSIWDFMP) ដែលមានរយៈពេលអនុវត្តពីឆ្នាំ២០២៧ដល់ឆ្នាំ២០៣១ ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)៕