នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង។
សូមជម្រាបថា អនុវត្តតាមសេចក្ដីណែនាំលេខ ០១សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ដំណើរការនៃក្រសួងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក្រសួងធនធានទឹក និងឧតុនិយម ដែលមានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងជាសេនាធិការ បានដំណើរការប្រជុំផ្ទៃក្នុងក្រសួងជាច្រើនលើក និងសហការសម្របសម្រួលជាមួយក្រសួងមុខងារសាធារណៈ ក្នុងការពិនិត្យឡើងវិញនូវមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ តាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានបែងចែកជា១១ជំពូក និង ៣១មាត្រា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ និងបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលក្នុងនោះរួមមាន ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕