នាថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងការងារជួសជុលទំនប់អាងទឹកបឹងធំ ដែលស្ថិតក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក្រោយចប់ធានាគុណភាពគម្រោងរយៈពេល ៦ខែ។
តាមរបាយការណ៍បច្ចេកទេស គម្រោងជួសជុលទំនប់អាងទឹកនេះ រួមមាន៖ ទី១)ជួសជុលទំនប់ចំនួន ០១ខ្សែ ប្រវែង ៤ ៨៣០ ម៉ែត្រ ដោយមានក្រាលគ្រួសក្រហមលើខ្នងទំនប់ និងដាំស្មៅការពារការហូរច្រោះដីនៅតាមជើងទេរទាំងសងខាង និងទី២)ជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួន ០៣កន្លែង (ក្នុងនោះសំណង់ទ្វារទឹក១ ទំហំ ២,២ម x ៣,៥ម ចំនួន ០២កន្លែង និងសំណង់ទ្វារទឹក២ ទំហំ ១,៩៥ម x ៣,៥ម ចំនួន ០១កន្លែង)។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ក្រុមការងារអនុវត្តគម្រោង ជាពិសេសមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំហេដ្ឋារចនាសម្ព័ន្ធឱ្យបានជាប់ជាប្រចាំ ទោះបីជាការងារត្រូវបានបញ្ចប់ ១០០% ក៏ដោយ ដើម្បីធានាបាននូវភាពរឹងមាំ និងនិរន្តរភាពនៃការប្រើប្រាស់។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក ឱ្យចូលរួមសហការថែរក្សាការពារប្រព័ន្ធធារាសាស្ត្រនេះឱ្យបានល្អ ដើម្បីបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានយូរអង្វែងតទៅមុខទៀត៕