នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តឯកសារផែនទីបង្ហាញផ្លូវស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមជម្រាបថា ផែនទីបង្ហាញផ្លូវនេះ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួម សម្រាប់ការពង្រឹង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ព្រមទាំងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែល ដែលបន្សល់ទុកពីអតីតយុវជនជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយដោយឈរលើគោលការណ៍ «ពីកេរដំណែល ទៅសមិទ្ធផលថ្មី»៕