នាថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ១៥ នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលសម្រេចបានប្រមាណ ៨០%។
សូមជម្រាបថា គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គឺមានគោលបំណងដើម្បីបង្កើនផលិតភាពកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹកកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះ អនុវត្តនៅតាមប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន៤ គឺ ទី១)ប្រព័ន្ធធារាសាស្ត្រកំពីងពួយនៅខេត្តបាត់ដំបង ទី២)ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍នៅខេត្តកំពង់ចាម ទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត នៅខេត្តកំពង់ធំ និង ទី៤)ប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ១៥ នៅខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងដោយផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រលើប្រឡាយលេខ១៥ និងស្ថានីយបូមទឹកស្វ័យប្រវត្តិសាមពុធ ក្នុងខេត្តតាកែវ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីពង្រឹងសន្តិសុខទឹកសម្រាប់ពហុវិស័យ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីបម្រើដល់ការបង្កបង្កើនផល គម្រោងនេះមានសក្តានុពលខ្ពស់ជាផ្លូវនាវាចរសម្រាប់ដឹកជញ្ជូនកសិផលទៅកាន់តំបន់ជុំវិញ និងប្រទេសជិតខាងនាដូវវស្សា ខណៈខ្នងប្រឡាយសងខាងនឹងក្លាយជាផ្លូវគមនាគមន៍ដ៏ងាយស្រួល និងជាតំបន់ទេសចរណ៍លំហែសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន៕