នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តការងារឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ ដែលកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈរបស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្រោមកិច្ចសហការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការងារគ្រប់គ្រងអាងទន្លេនៅកម្ពុជាគឺនៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមកាន់តែសកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធអន្តរវិស័យ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ បានចេញអនុក្រឹត្យលេខ៩៨អនក្រ.បក ស្ដីពីការគ្រប់គ្រងអាងទន្លេ ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ សមត្ថកិច្ចនិងយន្តការនៃការគ្រប់គ្រងអាងទន្លេគឺមានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និង គណៈកម្មាធិការរាជធានីខេត្តគ្រប់គ្រងអាងទន្លេ ព្រមទាំងមានលេខាធិការដ្ឋានជាសេនាធិការ ដើម្បីធានាដល់កិច្ចដំណើរការឱ្យមានប្រសិទ្ធភាពខ្ពស់៕