នៅសាលប្រជុំនៃទីស្ដីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោង និងពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងដែលទើបបង្កើតថ្មីឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើគម្រោងចំនួនបី ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអាកាសធាតុបៃតង(GCF) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលរួមមាន៖ ទី១)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ទី២)គម្រោងកែលម្អប្រព័ន្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ភាពធន់(CAISAR) និង ទី៣)គម្រោងកែលម្អប្រព័ន្ធស្រោចស្រពប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ថ្នាក់ជាតិ ដំណាក់កាលទី១(CCRSIWDFMP)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចបង្កើតអង្គភាពគ្រប់គ្រងគម្រោង (PMU) ថ្មីចំនួន ០៣ ព្រមទាំងផ្លាស់ប្តូរ និងតែងតាំងសមាសភាពនាយកគម្រោងថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង៕