នារសៀលថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) លើប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋរចនាសម្ព័ន្ធការងារទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយធនាគារ ADB ដើម្បីរៀបចំផែនការមេសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Masterplan) ដែលក្នុងនោះ ក្រុមការងារនៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមផ្តល់នូវធាតុចូលបច្ចេកទេសចាំបាច់នានា ដើម្បីធានាឱ្យការរៀបចំផែនការមេនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរថា ការអនុវត្តគម្រោង PPP លើការប្រតិបត្តិការ និងថែទាំប្រព័ន្ធធារាសាស្ត្រ គឺជាភារកិច្ចថ្មីដ៏សំខាន់ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលតម្រូវឱ្យមានការរៀបចំក្របខណ្ឌគោលនយោបាយ និងផែនការយុទ្ធសាស្ត្រដាច់ដោយឡែកសម្រាប់វិស័យធារាសាស្ត្រ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សព្វផ្សាយដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធឱ្យយល់ច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមវិនិយោគពីវិស័យឯកជន ដែលមិនត្រឹមតែជួយពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបន្ទុកថវិកាជាតិបានមួយកម្រិតធំផងដែរ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យសម្រេចបានតាមគោលដៅដែលបានគ្រោងទុក៕