នាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង (PMU) ដែលទើបទទួលបានការចាត់តាំងថ្មី។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិកក្រុមការងារ និងទីប្រឹក្សាគម្រោងជាច្រើនរូប។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ឱ្យកាន់តែមានភាពស៊ីសង្វាក់ និងប្រសិទ្ធភាពខ្ពស់ ស្របតាមកាលវិភាគដែលបានកំណត់។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំដំបូងនេះ ក្នុងការលើកកម្ពស់សាមគ្គីភាព និងការយល់ដឹងរួមអំពីគោលដៅ វិសាលភាព ក៏ដូចជាយន្តការអនុវត្តគម្រោងរវាងសមាជិកក្រុមការងារថ្មី។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់សមាជិកទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ និងអនុវត្តតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងគោលដៅជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង ប្រកបដោយតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា៕