នារសៀលថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើផែនទីកំណត់តំបន់អាទិភាពត្រូវការពារនិងសេចក្ដីព្រាងនៃសេចក្ដីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនិងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំនៅតំបន់ជុំវិញបឹងទន្លេសាប នៅសាលប្រជុំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរសរុបមានចំនួន១១៤ ភូមិ ដោយចែកជាតំបន់ឧទ្យានកណ្តាល តំបន់បន្ទាយស្រី និងតំបន់រលួស ហើយការប្រើប្រាស់ដីត្រូវបានកំណត់លក្ខខណ្ឌទៅតាមទីតាំង ១)ទីតាំងត្រូវការពារដាច់ខាត ២)ទីតាំងទ្រនាប់ ៣)ទីតាំងភូមិឋានជនបទ ៤)ទីតាំងភូមិឋានទីប្រជុំជន ៥)ទីតាំងអាជីវកម្ម និង ៦)ទីតាំងកសិកម្ម។ ចំណែក ផ្ទៃដីតំបន់តំបន់ទាំងបី បន្ទាប់ពីការពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ក្នុងភូមិសាស្ត្រខេត្តទាំង៦ជុំវិញបឹងទន្លេសាប ក្នុងឆ្នាំ២០២៤គឺ តំបន់១ មានទំហំ ៤៣៦ ៨៧៩,១១ហិកតា តំបន់២ ទំហំ ៤១៣ ៤៨៨,០៨ហិកតា និងតំបន់៣ ទំហំ ៥៦១ ៦៣៤,៦១ហិកតា៕