នាថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសបច្ចេកទេស និងសម្របសម្រួលការងារដឹកនាំអង្គភាព នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ។
ក្នុងបេសកកម្មនេះ ឯកឧត្តមអគ្គនាយក បានដាក់ចេញនូវការណែនាំម៉ឺងម៉ាត់លើការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឱ្យស្របតាមបទដ្ឋានគតិយុត្តិ ដើម្បីធានាស័ក្តិសិទ្ធិភាពការងារ។ ក្នុងស្មារតីពង្រឹងអភិបាលកិច្ច និងសុខដុមនីយកម្មផ្ទៃក្នុង ឯកឧត្តមអគ្គនាយក បានពិនិត្យវាយតម្លៃយ៉ាងដិតដល់លើការគ្រប់គ្រងធនធានមនុស្ស ចាប់ពីមន្ត្រីរាជការរហូតដល់ឆ្មាំទំនប់ ដើម្បីធានាបាននូវការចាត់ចែងកម្លាំងសរុបឱ្យចំគោលដៅយុទ្ធសាស្ត្ររបស់ក្រសួង។
នាឱកាសនោះ ឯកឧត្តមអគ្គនាយក បានជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Drone) ក្នុងប្រតិបត្តិការចុះបញ្ជីដីប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបាននូវទិន្នន័យត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពអង្គភាពឱ្យស័ក្តិសមជាទីកន្លែងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងបានផ្តល់នូវយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា សំដៅធានានូវនិរន្តរភាព និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃ ប៉ុលឌែរព្រៃនប់ (ប៉ុលឌែរ៥) ក្នុងឃុំវាលរេញ និងឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅធានាឱ្យបាននូវនិរន្តរភាពនៃការបង្កបង្កើនផលរបស់កសិករ។