នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារ សហការជាមួយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងបឹងធំ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា បេសកកម្មនេះមានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងប្រមូលទិន្នន័យចាំបាច់ ដើម្បីរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ដែលគ្របដណ្តប់លើវិសាលភាពភូមិសាស្ត្រក្រុង-ស្រុកចំនួន ៣ រួមមាន៖ ក្រុងកំពង់ឆ្នាំង ស្រុកជលគិរី និងស្រុករលាប្អៀរ។ ការរៀបចំចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានទឹក និងដែនដីសើម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់បឹងទន្លេសាប៕