នាថ្ងៃចន្ទ និងថ្ងៃអង្គារ ៤-៥ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យជាក់ស្តែង និងវាយតម្លៃវឌ្ឍនភាពគម្រោងការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) លើប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងបេសកកម្មនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារ អមដំណើរដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារសំខាន់ៗ រួមមាន៖
១. គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ (ខេត្តពោធិ៍សាត់)៖ រួមមាន ការងារជួសជុល និងថែទាំប្រឡាយមេបេតុង និងប្រឡាយមេដីចំនួន ០១ខ្សែ ប្រវែង ១៨.៤៥០ម៉ែត្រ, ប្រឡាយរងបេតុង និងប្រឡាយរងដីចំនួន ០៣ខ្សែ (SC1, SC2, SC3) ដែលមានប្រវែងសរុប ៣៥.០៣៣ម៉ែត្រ, ការងារថែទាំសំណង់ក្បាលហុងទ្វារទឹក ០៥សន្លឹកកាត់ស្ទឹង (Barrage) លើតួទំនប់ និងការជួសជុលថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ៩៩កន្លែង។
២. គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកង្ហត (ខេត្តបាត់ដំបង)៖ រួមមាន ការងារជួសជុល និងថែទាំប្រឡាយមេធំ (GMC1, GMC2 និង GMC3) ចំនួន ០៣ខ្សែ ប្រវែង ៤៦.៣០០ម៉ែត្រ, ប្រឡាយមេ (MC1) ចំនួន ០៧ខ្សែ ប្រវែង ៨៥.២០៧ម៉ែត្រ, ការងារថែទាំម៉ាស៊ីនភ្លើងបញ្ជាបិទ-បើកទ្វារទឹក និងការថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១០៦កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោង ត្រូវបន្តយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាព និងជំរុញឱ្យពន្លឿនការងារតាមផែនការគ្រោងទុក ដើម្បីបម្រើផលប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕