នាថ្ងៃអង្គារ-ពុធ ៥-៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ (Solar) នៅការិយាល័យកសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹងបច្ចេកទេសដល់សមាជិកសហគមន៍ លើការគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យចំគោលដៅ។ ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល បានផ្តោតលើបច្ចេកទេសថែទាំប្រអប់បញ្ជា ផ្ទាំងសូឡា និងម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រើប្រាស់យូរអង្វែង ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីមន្ត្រីបច្ចេកទេសគម្រោង និងអ្នកជំនាញមកពីក្រុមហ៊ុនសាងសង់។
ទន្ទឹមនឹងនោះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការដ្ឋានសាងសង់ចំនួន ០២ កន្លែង ដែលបានសម្រេចលទ្ធផល ១០០% រួមមាន៖ ទី)១. នៅសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ៖ សំណង់ស្ទាក់ទឹក ស្ថានីយបូមទឹកសូឡា ការស្តារអូរ និងខ្នងទំនប់ក្រាលក្រួសក្រហម។ ទី)២. នៅសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ស្ថិតក្នុងស្រុកប្រាសាទបាគង៖ ការស្តារអូរធម្មជាតិ ការដំឡើងស្ថានីយបូមទឹកសូឡា និងប្រព័ន្ធបណ្តាញទុយោចែកចាយទឹក៕