នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារ-ត្រីវិស័យ និងលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យជាច្រើនរូប នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានក្នុងខែមីនា និងផែនការសកម្មភាពសម្រាប់ខែមេសា របស់ក្រសួងនីមួយៗ ដំណើរការលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ ក៏ដូចជាការត្រៀមរៀបចំកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្តីលើកទី៦នាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពបណ្តាសហគមន៍ដែលបាន និងកំពុងអនុវត្តន៍កិច្ចអន្តរាគមន៍ត្រី-វិស័យនៅឆ្នាំ២០២៦ និងវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ឆ្នាំ២០២៧-២០៣១។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ ព្រមទាំងវីដេអូឃ្លីបស្តីពីសមិទ្ធផលនៅតាមបណ្តាសហគមន៍ដែលទទួលបានកិច្ចអន្តរាគមន៍ត្រី-វិស័យ និងបានពិភាក្សាលើសកម្មភាពត្រូវអនុវត្តបន្តសម្រាប់ការរៀបចំកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្តីលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសា ឆ្នាំ២០២៦៕