នាថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំ KOMEC Partnership Day នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង Korea-Mekong Water Center (KOMEC) ដោយមានការអញ្ជើញចូលរួមពីតំណាងបណ្ដាប្រទេសនៃតំបន់មេគង្គ ដៃគូអភិវឌ្ឍន៍ និងអង្គការក្នុងតំបន់នានា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងការអភិវឌ្ឍដោយចីរភាព។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការរៀបចំខ្លឹមសារសម្រាប់ Mekong-Korea International Water Forum (MKWF) Agenda Lab និង MKCF Knowledge Hub Strategy Workshop។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិនិត្យឡើងវិញនូវលទ្ធផលនៃវេទិកា MKWF លើកទី៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុង Daejeon សាធារណរដ្ឋកូរ៉េ ព្រមទាំងបានពិភាក្សាលើការកំណត់ប្រធានបទអាទិភាពសម្រាប់ត្រៀមរៀបចំវេទិកា MKWF លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំ២០២៦ ខាងមុខ នៅសាធារណរដ្ឋកូរ៉េផងដែរ។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពបច្ចេកទេស ក្នុងចំណោមបណ្តាប្រទេសនៃតំបន់មេគង្គ។
ថ្លែងក្នុងកិច្ចប្រជុំ លោក ថាច់ សុវណ្ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់មិនអាចខ្វះបាននៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃធនធានទឹក និងបរិស្ថាន។ ទន្ទឹមនឹងនេះ លោកក៏បានចែករំលែកនូវបទពិសោធន៍ល្អៗ និងយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងតំបន់ទាំងមូល៕