នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីពិនិត្យ និងសម្រេចលើការព្រមព្រៀងចុងក្រោយនូវខ្លឹមសារសំខាន់ៗនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងសម្រេចលើការព្រមព្រៀងចុងក្រោយនូវខ្លឹមសារសំខាន់ៗនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងអភិបាលកិច្ចធនធានទឹក ប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលដៅធានាឱ្យមានភាពស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា កិច្ចពិភាក្សានេះគឺជាការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដែលបានលើកឡើងក្នុង "វេទិកាអភិបាលកិច្ចធនធានទឹក" កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ រៀបចំជាអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានឆាប់រហ័ស ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់មិនអាចខ្វះបាន នៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវជាតិ CDRI ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគាំទ្រដល់សម្រេចចិត្តនៃគោលនយោបាយ ដោយផ្អែកលើទិន្នន័យ និងភស្តុតាងជាក់លាក់។ ជាការឆ្លើយតប លោកស្រីបណ្ឌិត បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិទ្យាស្ថាន CDRI ក្នុងការផ្តល់នូវការស្រាវជ្រាវដែលមានគុណភាពខ្ពស់ ការវិភាគគោលនយោបាយ និងជំនាញបច្ចេកទេស ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា។
ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនទាននៃការរៀបចំរួមគ្នានូវកម្មវិធី “សប្តាហ៍ទឹកនៅកម្ពុជា (Cambodia Water Week)” ដែលជាវេទិកាជាតិប្រចាំឆ្នាំ ក្នុងគោលបំណងប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យធនធានទឹក រួមមាន៖ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាស្រាវជ្រាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែប្រសើរឡើង៕