នាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ដ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះបំពេញបេសកកម្មពិនិត្យ ជួសជុល និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងសកម្មភាពនេះ ក្រុមការងារបច្ចេកទេសក្រសួង បានចុះអនុវត្តការងារផ្ទាល់នៅស្ថានីយសំខាន់ៗចំនួន ០៥ទីតាំង រួមមាន៖ ទី១)ស្ថានីយវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី២)ស្ថានីយតម្រងទឹកទួលគ្រួស ស្ថិតក្នុងភូមិចារឹក ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៣)ស្ថានីយកង្ហត ស្ថិតក្នុងភូមិទូលអណ្ដែត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ទី៤)ស្ថានីយក្រញូង ស្ថិតក្នុងភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និងទី៥)ស្ថានីយសំឡូត ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងបេសកកម្មថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិនោះ ក្រុមការងារបច្ចេកទេសបានអនុវត្តការងារសំខាន់ៗ រួមមាន ការផ្លាស់ប្ដូរអាគុយ និងឧបករណ៍សម្ងួត ការត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនៃឧបករណ៍វាស់កម្ពស់ទឹក និងការលាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង ដើម្បីបង្ការការកកស្ទះរន្ធបង្ហូរដោយសារធូលី ឬស្លឹកឈើ។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានកាប់មែកឈើ និងជម្រះស្មៅក្នុងបរិវេណស្ថានីយ ដើម្បីធានាឱ្យឧបករណ៍អាចដំណើរការ និងបញ្ជូនទិន្នន័យបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕