នាព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញនាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
សូមជម្រាបថា ពិធីជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរជន បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧ ដែលរួមមាន៖ មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកល។
សប្បុរសជនឆ្ងាយជិត តែងផ្ដល់ទំនុកចិត្តបរិច្ចាគជាថវិកា និងសម្ភារៈជូនដល់កាកបាទក្រហមកម្ពុជាដើម្បីចែករំលែកទឹកចិត្តមនុស្សធម៌ និងមេត្តាធម៌ ដោយបានប្រែក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីជួយដល់គ្រួសារក្រីក្រ គ្មានទីពឹង ជនភៀសសឹក អ្នករងរបួស អ្នកជួបគ្រោះមហន្តរាយ ជាពិសេសគឺម្តាយដែលកំពុងមានកូនតូចៗ ដែលជាការបង្ហាញថា «គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»៕