នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនិងប្រព័ន្ធព័ត៌មានធនធានទឹក និងការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក មានទីតាំងស្ថិតនៅក្នុងបរិវេណទីស្ដីការក្រសួងធនធានទឹក និងឧតុនិយមក្បាលថ្នល់។ ដោយឡែក ស្ថានីយរ៉ាដាតេជោសែនទី២ មានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ការកសាងមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹកគឺក្នុងគោលបំណងដើម្បីបម្រើឱ្យការគ្រប់គ្រង ការរក្សាទុក និងការវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម ព្រមទាំងការផ្តល់ព័ត៌មានប្រកបដោយឧត្តមភាព ឯករាជ្យភាព និរន្តរភាព សុវត្ថិភាព និងបរិយាបន្ន ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
លើសពីនេះ ការសាងសង់ និងការធ្វើទំនើបកម្មស្ថានីយរ៉ាដានឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការបង្កើនសុក្រឹតភាពនៃការព្យាករស្ថានភាពធាតុអាកាស របបទឹកភ្លៀង និងការតាមដានបម្រែបម្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សម្រាប់ពហុវិស័យឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕