នាព្រឹកថ្ងៃអង្គារ ១១រាច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការនៃការសិក្សាបច្ចេកទេសលម្អិត នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងតំបន់ដីសណ្តភាគខាងកើតទន្លេមេគង្គ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីលោក KOO Bonhyun នាយកធនាគារ K-EXIM bankប្រចាំកម្ពុជា និងសហការី លោកអភិបាលរងនៃគណ:អភិបាលខេត្តស្វាយរៀង អគ្គាធិការក្រសួង និងមន្រ្តីបច្ចេកទេសគ្រប់ផ្នែកនៅក្នុងអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាគ្រប់គ្រងបច្ចេកទេសសិក្សាគ្រោងប្លង់លំម្អិត និងត្រួតពិនិត្យការសាងសង់ និងសហការី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោង និងអគ្គនាយកដ្ឋានផែនការ និងគ្រប់គ្រងបំណុល មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងតំបន់ដីសណ្តភាគខាងកើតទន្លេមេគង្គ។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើរបាយការណ៍ដំបូងស្តីពីការចុះសិក្សាគម្រោងប្លង់លម្អិត ដែលរាយការណ៍ដោយ ទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន SAMAN, KECC, KCI SRUNJIN JV ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកពីប្រវត្តិនៃការបង្កើតគម្រោងនេះឡើងខ្លះៗជូនដល់អង្គប្រជុំ និងបានណែនាំដល់ក្រុមទីប្រឹក្សាបច្ចេកទេសសិក្សាគ្រោងប្លង់លម្អិតឱ្យយកចិត្តទុកដាក់លើការងារបច្ចេកសស្របតាមលក្ខខណ្ឌបច្ចេកទេសដែលចែងក្នុងកិច្ចសន្យា៕